ព្រះត្រៃបិដក ភាគ ៥១
បុគ្គលនោះ រមែងមិនរន្ធត់ដោយកាយ មិនរន្ធត់ដោយវាចា មិនរន្ធត់ដោយចិត្ត។ បុគ្គលនោះឈ្មោះថា មានកាយកម្មត្រង់ វចីកម្មត្រង់ មនោកម្មត្រង់ គតិត្រង់ ឧបបត្តិត្រង់។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិទាំងពីរ របស់សត្វមានគតិត្រង់ មានឧបបត្តិត្រង់ តថាគតពោលនូវគតិណាមួយ គឺសត្វទាំងឡាយដែលមានសុខតែម៉្យាង ឬពួកត្រកូលខ្ពស់ ដែលជាត្រកូលខត្តិយមហាសាល ឬញ្រហ្មណមហាសាល ឬក៏គហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានសម្បត្តិ និងគ្រឿងឧបករណ៍ច្រើន មានទ្រព្យ និងស្រូវច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិនៃសត្វតាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង។ បុគ្គលធ្វើនូវកម្មណា រមែងកើតដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) រមែងពាល់ត្រូវនូវបុគ្គល ដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង។
ID: 636864660156218987
ទៅកាន់ទំព័រ៖