ព្រះត្រៃបិដក ភាគ ៥១
បុគ្គលនោះ រមែងមិនរន្ធត់ដោយកាយ មិនរន្ធត់ដោយវាចា មិនរន្ធត់ដោយចិត្ត។ បុគ្គលនោះឈ្មោះថា មានកាយកម្មត្រង់ វចីកម្មត្រង់ មនោកម្មត្រង់ មានគតិត្រង់ មានឧបបត្តិត្រង់។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិទាំងពីរ របស់សត្វមានគតិត្រង់ មានឧបបត្តិត្រង់ តថាគតពោលនូវគតិណាមួយ គឺ សត្វទាំងឡាយដែលមានសុខតែម៉្យាង ឬពួកត្រកូលខ្ពស់ ៗ ដែលជាត្រកូលខត្តិយមហាសាល ឬញ្រហ្មណមហាសាល ឬក៏គហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានសម្បត្តិ និងគ្រឿងឧបករណ៍ច្រើន មានទ្រព្យ និងស្រូវច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិនៃសត្វតាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង។ បុគ្គលធ្វើនូវកម្មណា រមែងកើតឡើងដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) រមែងពាល់ត្រូវនូវបុគ្គលដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង។
ID: 636864660514589484
ទៅកាន់ទំព័រ៖