ព្រះត្រៃបិដក ភាគ ៥១
វិបត្តិ គឺទោសនៃវចីកម្ម ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃមនោកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្តអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយ ៗ មិនមានសេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ជាអ្នកលួចយកទ្រព្យដែលគេមិនបានឲ្យ ជាអ្នកកាន់យកនូវសម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ ជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ពោលគឺការលួច ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ជាអ្នកដល់នូវការប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា។
ID: 636864662268039776
ទៅកាន់ទំព័រ៖