ព្រះត្រៃបិដក ភាគ ៥១
ឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មកប្រាប់ពួកជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាផង ជាអ្នកជំរុលពួកជន ដែលបែកគ្នាស្រាប់ហើយផង មានសេចក្តីត្រេកអរក្នុងពួក រីករាយក្នុងពួក មានតម្រេកក្នុងពួក ជាអ្នកពោលវាចាធ្វើឲ្យប្រកាន់ពួក ជាអ្នកពោលពាក្យអាក្រក់ ជាអ្នកពោលពាក្យទ្រគោះខ្មោះខ្មួរ រោលរាលដល់អ្នកដទៃ ដៀមដាមដល់អ្នកដទៃ ជាវាចាជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ជាអ្នកពោលពាក្យឥតប្រយោជន៍ ពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពោលពាក្យដែលមិនគួរឲ្យគេតាំងទុកក្នុងហឫទ័យ ជាពាក្យខុសកាល មិនមានគ្រឿងអាង មិនមានទីបំផុត មិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃវចីកម្ម ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។
ID: 636864662687493767
ទៅកាន់ទំព័រ៖