ព្រះត្រៃបិដក ភាគ ៥១
កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំឃើញក៏មាន ជាអ្នកមិនពោលពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី លះបង់បិសុណវាចា វៀរចាកបិសុណវាចា ឮពាក្យពីជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកពួកជននេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មិននាំទៅប្រាប់ជននេះ ដើម្បីនឹងបំបែកពួកជនឯណោះ ជាអ្នកពោលពាក្យផ្សះផ្សាពួកជនដែលបែកគ្នា ឬជាអ្នកទំនុកបម្រុងពួកជនដែលព្រមព្រៀងគ្នាស្រាប់ ជាអ្នកត្រេកអរក្នុងការព្រមព្រៀង មានតម្រេកក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងសេចក្តីព្រមព្រៀង ពោលវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀង លះបង់ផរុសវាចា វៀរចាកផរុសវាចា ជាអ្នកពោលតែវាចាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក គួរឲ្យគេស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកក្រុង ជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នកពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យជាអត្ថ ពោលពាក្យជាធម៌
ID: 636864663871421484
ទៅកាន់ទំព័រ៖