ព្រះត្រៃបិដក ភាគ ៥១
ភិក្ខុមានចិត្តប្រកបដោយករុណា ... មានចិត្តប្រកបដោយមុទិតា... មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួនទៅប្រៀបផ្ទឹម នឹងសត្វទាំងពួង ក្នុងទីទាំងពួងដោយប្រការដូច្នេះ ភិក្ខុនោះដឹងច្បាស់យ៉ាងនេះថា ចិត្តអាត្មាអញ នេះ ជាកាមាវចរចិត្ត មិនទាន់បានចំរើន ក្នុងកាលមុនទេ លុះដល់ក្នុងកាលឥឡូវនេះ ចិត្តអាត្មាអញនេះ ជាអរូបាវចរៈ ដែលបានចំរើនល្អហើយ ចំណែកខាងកម្មណាមួយ ជាកាមាវចរៈ កម្មនោះនឹងមិនសល់នៅក្នុងចិត្តនោះទេ កម្មនោះ មិនឋិតនៅក្នុងចិត្តនោះទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច បើកុមារនេះ ចំរើនឧបេក្ខាចេតោវិមុត្តិ ចាប់ដើមតាំងអំពីខ្លួននៅក្មេង តើគប្បីធ្វើបាបកម្មបានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានទេ។ សេចក្តីទុក្ខ គប្បីពាល់ត្រូវនូវកុមារនោះ កាលដែលមិនធ្វើនូវបាបកម្ម ដែរឬទេ។
ID: 636864666242777118
ទៅកាន់ទំព័រ៖