ព្រះត្រៃបិដក ភាគ ៥១
ជាអ្នកមានសេចក្តីប្រាថ្នាក្នុងសិក្ខា ១ ភិក្ខុនោះ មានសេចក្តីយល់ថា នេះជាប្រយោជន៍ ក្នុងជីវិតបរិក្ខារទាំងឡាយ ១ ជាអ្នកប្រារព្ធនូវព្យាយាម ១។ ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងធម៌ ៧ ប្រការនេះ ឲ្យពេញលេញបាន។
[២] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ (អង្គនៃធម៌ជាគ្រឿងត្រាស់ដឹង) ៧ យ៉ាងនេះ ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងវិជ្ជា ៣ ប្រការឲ្យពេញលេញបាន។ ៧ យ៉ាង តើអ្វីខ្លះ។ គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងវិជ្ជា ៣ ប្រការ ឲ្យពេញលេញបាន។ វិជ្ជា ៣ ប្រការ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងរលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។
ID: 636864544120662132
ទៅកាន់ទំព័រ៖