ព្រះត្រៃបិដក ភាគ ៥១
កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យនូវថ្នាំក្អួតណា ថ្នាំក្អួតដ៏ប្រសើរនោះឯង សុទ្ធតែសម្រេច មិនមែនមិនសម្រេចទេ។
[១០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលគប្បីកំចាត់បង់នេះ មាន ១០ យ៉ាង។ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ បានកំចាត់បង់មិច្ឆាទិដ្ឋិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានកំចាត់បង់ហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។
ID: 636864549066525019
ទៅកាន់ទំព័រ៖