ព្រះត្រៃបិដក ភាគ ៥១
ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត យ៉ាងនេះថា ការរម្ងាប់សង្ខារទាំងអស់ ការលះចោលកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ដ៏ឧត្តម។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិនធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិនធ្វើទុកក្នុងចិត្តនូវឃានៈ មិនធ្វើទុកក្នុងចិត្តនូវគន្ធៈ មិនធ្វើទុកក្នុងចិត្តនូវជិវ្ហា មិនធ្វើទុកក្នុងចិត្តនូវរស មិនធ្វើទុកក្នុងចិត្តនូវកាយ មិនធ្វើទុកក្នុងចិត្តនូវផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្តនូវបឋវី មិនធ្វើទុកក្នុងចិត្តនូវអាបោ មិនធ្វើទុកក្នុងចិត្តនូវតេជោ មិនធ្វើទុកក្នុងចិត្តនូវវាយោ មិនធ្វើទុកក្នុងចិត្តនូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្តនូវអាកិញ្ចញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្តនូវលោកនេះ មិនធ្វើទុកក្នុងចិត្តនូវលោកខាងមុខ មិនធ្វើទុកក្នុងចិត្តនូវរបស់ដែលខ្លួនឃើញ
ID: 636864682018449435
ទៅកាន់ទំព័រ៖