ព្រះត្រៃបិដក ភាគ ៥១
មានចិត្តដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹងការរលាស់ចោលនូវវិចិកិច្ឆា ដែលកើតឡើងដោយពិត។ បុគ្គលនោះ តែងគិតជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើវិចិកិច្ឆា ឲ្យនៅតែខាងក្នុង។ បុគ្គលនោះ តែងគិតព្រោះអាស្រ័យនូវផែនដីខ្លះ គិតព្រោះអាស្រ័យនូវទឹកខ្លះ គិត ព្រោះអាស្រ័យនូវភ្លើងខ្លះ គិត ព្រោះអាស្រ័យនូវខ្យល់ខ្លះ គិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈខ្លះ គិត ព្រោះអាស្រ័យនូវលោកនេះខ្លះ គិត ព្រោះអាស្រ័យនូវលោកខាងមុខខ្លះ គិតព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត។ ម្នាលសន្ធៈ គំនិតរបស់បុរស ដែលមានពុតត្បុត យ៉ាងនេះឯង។
ID: 636864690198207290
ទៅកាន់ទំព័រ៖