ព្រះត្រៃបិដក ភាគ ៥១
ទុតិយវគ្គ ទី២
[១១៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញ ទៅកាន់ចារិកដោយកាលកន្លងទៅ ៣ ខែ។ មហានាមសក្កៈ បានឮថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ គ្រានោះ មហានាមសក្កៈ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះមហានាមសក្កៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។
ID: 636864692875590428
ទៅកាន់ទំព័រ៖