ព្រះត្រៃបិដក ភាគ ៥១
លោកគួរដល់អញ្ជលិកម្ម លោកជាបុញ្ញកេ្ខត្តដ៏ប្រសើររបស់សត្វលោក។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះសង្ឃក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ប្រារព្ធនូវព្រះសង្ឃហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័ក មានចិត្តរីករាយហើយ បីតិ តែងកើតឡើង កាលបើអរិយសាវ័ក មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថាអ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវសង្ឃានុស្សតិ។
ID: 636864693957492309
ទៅកាន់ទំព័រ៖