ព្រះត្រៃបិដក ភាគ ៥១
បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ ព្រះអង្គត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រមហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ព្រះអង្គជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ បពិត្រមហានាម បុគ្គលជាអ្នកមានសទ្ធា បានញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ អ្នកប្រារព្ធសេចក្តីព្យាយាម ញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ អ្នកមានសតិខ្ជាប់ខ្ជួន ញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ ជាអ្នកមានចិត្តតាំងមាំ បានញុំាងចិត្តដែលតាំងមាំឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ អ្នកមានប្រាជ្ញា បានញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកអាប់ឥតប្រាជ្ញា ១។ បពិត្រមហានាម កាលបើព្រះអង្គបានតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចំរើននូវធម៌ ៦ យ៉ាង តទៅទៀត។
ID: 636864695385723999
ទៅកាន់ទំព័រ៖