ព្រះត្រៃបិដក ភាគ ៥១
បច្ចោរោហណិវគ្គ ទី២
[១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង សភាវៈមិនមែនប្រយោជន៍ផង គប្បីដឹងធម៌ផង ប្រយោជន៍ផង លុះដឹងច្បាស់សភាវៈមិនមែនធម៌ផង សភាវៈមិនមែនប្រយោជន៍ផង ដឹងនូវធម៌ផង នូវប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ មិនមែនធម៌ សភាវៈ មិនមែនប្រយោជន៍ តើដូចម្តេច។ គឺ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សភាវៈមិនមែនធម៌ សភាវៈមិនមែនប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម៌និងប្រយោជន៍ តើដូចម្តេច។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ហៅថា ប្រយោជន៍។
ID: 636864550548669793
ទៅកាន់ទំព័រ៖