ព្រះត្រៃបិដក ភាគ ៥១
បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាបុគ្គលដែលគេប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើនូវភាពជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ។ បពិត្រព្រះអង្គដ៏ចំរើន ករណីយកិច្ចទាំងឡាយណាមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុនេះ ជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណា ដោយឧបាយ ក្នុងកិច្ចទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកប្រាថ្នានូវធម៌ ហៅរកដោយពាក្យជាទីស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកប្រារព្ធព្យាយាម មានកំឡាំង មានសេចក្តីប្រឹងប្រែងដ៏មាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយចោល។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈានទាំង ៤ ដែលប្រព្រឹត្តទៅ ក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន។
ID: 636864699890031631
ទៅកាន់ទំព័រ៖