ព្រះត្រៃបិដក ភាគ ៥១
លុះទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ចិត្តរបស់ភិក្ខុអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ មានដែរឬ។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ មានដែរ។
ID: 636864700713858751
ទៅកាន់ទំព័រ៖