ព្រះត្រៃបិដក ភាគ ៥១
ឈានណាមួយ ដែលអាត្មាអញបានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះក៏មិនទៀង មានការរលត់ជាធម្មតា។ ភិក្ខុនោះ ឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់ដល់ នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយសេចក្តីត្រេកអរក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ហើយក៏បរិនិព្វាន ក្នុងលោកនោះ មានការមិនត្រឡប់ចាកលោកនោះ ជាធម្មតា។ ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន ចិត្តមិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ មិនទាន់អស់ក្តី ក៏រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។
ID: 636864703097995116
ទៅកាន់ទំព័រ៖