ព្រះត្រៃបិដក ភាគ ៥១
ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយ ដែលមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។
កាលដែលព្រះអានន្ទដ៏មានអាយុ បានពោលយ៉ាងនេះហើយ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ដូចជាបុរសអ្នកស្វែងរកកំណប់ទ្រព្យតែមួយ ស្រាប់តែបានកំណប់ទ្រព្យ ១១ តែម្តង យ៉ាងណាមិញ បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណា ស្វែងរកទ្វារនៃព្រះនិព្វានឈ្មោះអមតៈតែមួយទេ ស្រាប់តែបានស្តាប់នូវទ្វារនៃព្រះនិព្វាន ឈ្មោះអមតៈទាំងឡាយ ១១ តែម្តង យ៉ាងនោះដែរ។
ID: 636864703501818213
ទៅកាន់ទំព័រ៖