ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនឈ្លាសវៃក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា បុគ្គលពាល មានកម្មជាលក្ខណៈ បុគ្គលជាបណ្ឌិត ក៏មានកម្មជាលក្ខណៈដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសវៃ ក្នុងលក្ខណៈយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនចេះឆ្កឹះឆ្កៀលពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទទួលត្រងរងយកកាមវិតក្កៈ ដែលកើតឡើងហើយ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនបានធ្វើមិនឲ្យកើតតទៅទៀត ទទួលត្រងរងយកព្យាបាទវិតក្កៈ ដែលកើតឡើងហើយ... វិហឹសាវិតក្កៈ ដែលកើតឡើងហើយ... អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ៗ មិនលះបង់ មិនបន្ទោបង់ មិនបានធ្វើឲ្យវិនាស មិនបានធ្វើមិនឲ្យកើតតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនចេះឆ្កឹះឆ្កៀលពងរុយ យ៉ាងនេះឯង។
ID: 636864704881667136
ទៅកាន់ទំព័រ៖