ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនចេះបិទដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនធ្វើភ្នក់ផ្សែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំដែងធម៌តាមខ្លួនស្តាប់មក តាមខ្លួនរៀនមក ដល់ជនទាំងឡាយដទៃដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនធ្វើភ្នក់ផ្សែង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់កំពង់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅរកពួកភិក្ខុដែលជាអ្នកចេះដឹងច្រើន ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា គឺបាតិមោក្ខទាំងពីរ គ្រប់ៗ កាល ប៉ុន្តែមិនបានសាកសួរ មិនបានដេញដោលថា បពិត្រលោកដ៏ចំរើន ហេតុនេះ ដូចម្តេច សេចក្តីនៃពាក្យនេះ តើដូចម្តេច។ លោកដ៏មានអាយុទាំងនោះ មិនបើកចំហនូវសេចក្តីដែលកំបាំងផង មិនធ្វើឲ្យរាក់នូវសេចក្តីដែលប្រដៅផង មិនបន្ទោបង់នូវសេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យច្រើនប្រការ ដល់ភិក្ខុនោះផង។
ID: 636864705215676240
ទៅកាន់ទំព័រ៖