ព្រះត្រៃបិដក ភាគ ៥១
ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកនូវអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយស្តេចក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងនូវសភាវៈ មិនមែនជាប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកនូវអត្ថ នៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន។ លំដាប់នោះ ពួកភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះទេ ដែលព្រះសាស្តា ទ្រង់សរសើរផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុ ទើបអាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន បើដូច្នោះ គួរយើងនាំគ្នាចូលទៅរកអានន្ទដ៏មានអាយុ
ID: 636864556492699772
ទៅកាន់ទំព័រ៖