ព្រះត្រៃបិដក ភាគ ៥១
លុះចូលទៅដល់ហើយ គប្បីសួរអត្ថនេះនិងអានន្ទដ៏មានអាយុ អានន្ទដ៏មានអាយុ និងឆ្លើយដល់យើងរាល់គ្នាយ៉ាងណា យើងនិងចាំទុកនូវអត្ថនោះ យ៉ាងនោះ។ លំដាប់នោះ ពួកភិក្ខុទាំងនោះ នាំគ្នាចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនិងអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនេះ និងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ដល់យើងទាំងឡាយសោះ ហើយទ្រង់ក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុប្រតិបត្តិតាមយ៉ាងនោះ។
ID: 636864556665809674
ទៅកាន់ទំព័រ៖