ព្រះត្រៃបិដក ភាគ ៥១
អានន្ទដ៏មានអាយុនេះ អាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន សូមអានន្ទដ៏មានអាយុ កុំឲ្យបង្អែបង្អង់ មេត្តាចែកអត្ថនេះឲ្យទាន។ ម្នាលអាវុសោ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ ខ្ញុំនិងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចា របស់ព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគរបស់យើង ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ម្នាលអាវុសោ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។
ID: 636864557487976699
ទៅកាន់ទំព័រ៖