ព្រះត្រៃបិដក ភាគ ៥១
ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ម្នាលអាវុសោ ព្រះមានព្រះភាគនៃយើង ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថ ដោយពិស្តារ ស្រាប់តែស្តេចក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ម្នាលអាវុសោ ខ្ញុំដឹងនូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារយ៉ាងនេះ ម្នាលអាវុសោ ប្រសិនបើ អ្នកទាំងឡាយប្រាថ្នា (និងសួរ) គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយទូលសួរនូវសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ព្យាករដល់យើងទាំងឡាយយ៉ាងណា ចូរអ្នកទាំងឡាយ ចាំទុកសេចក្តីនោះយ៉ាងនោះចុះ។
ID: 636864557930261996
ទៅកាន់ទំព័រ៖