ព្រះត្រៃបិដក ភាគ ៥១
ពួកភិក្ខុទាំងនោះ ទទួលតបថា ករុណា អាវុសោ ហើយត្រេកអរ រីករាយនិងភាសិត របស់ព្រះអានន្ទដ៏មានអាយុ ហើយក្រោកចាកអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ព្រះអង្គទ្រង់សំដែងឧទ្ទេសណា ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ បពិត្រព្រះអង្គដ៏ចំរើន កាលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ
ID: 636864558116542651
ទៅកាន់ទំព័រ៖