ព្រះត្រៃបិដក ភាគ ៥១
លុះអាជិនបរិព្វាជក អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនេះ និងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន សព្រហ្មចារីរបស់យើងខ្ញុំ ឈ្មោះថាជាបណ្ឌិត (ព្រោះ) ពួកអន្យត្ថិរិយ ដែលសព្រហ្មចារីនោះ សង្កត់សង្កិនហើយ ដោយចិត្តុប្បាទចំនួន ៥០០ រមែងដឹងខ្លួនថា ពួកយើងត្រូវគេសង្កត់សង្កិនហើយ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចាំទុកនូវបណ្ឌិតវត្ថុដែរឬទេ។ ព្រះមានព្រះភាគ ទ្រង់សំដែងភាសិតណា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរដល់ភាសិតនុ៎ះ បពិត្រព្រះសុគត កាលនេះជាកាលគួរដល់ភាសិតនុ៎ះ ពួកភិក្ខុ លុះបានស្តាប់នូវភាសិតរបស់ព្រះមានព្រះភាគហើយ និងចាំទុកបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ។ ទើបឯព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលមិនប្រកបដោយធម៌ ដោយវាទៈ ដែលមិនប្រកបដោយធម៌
ID: 636864558728337644
ទៅកាន់ទំព័រ៖