ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ ការបានសម្រេច មិនឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) ព្រោះអាស្រ័យនូវសម្មត្តៈ យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ បានសមាទាន នូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង... បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គល ដែលប្រកបដោយមិច្ឆាទិដ្ឋិជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាអំពើអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ដូចពូជស្តៅក្តី ពូជននោងព្រៃក្តី ពូជម្រះក្តី ដែលបុគ្គលដាំក្នុងផែនដីដែលសើម ស្រូបយកនូវរសបឋវីធាតុណាផង ស្រូបយកនូវរសអាបោធាតុណាផង របស់ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមានរសល្វីង រសហឹរ រសចត់។
ID: 636864545018683496
ទៅកាន់ទំព័រ៖