ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​តែង​កក់​ជំរះ​ក្បាល​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​ហើយ​ស្លៀក​នូវ​គូ​សំពត់​សម្បកឈើ​ដ៏​ថ្មីនេះ​ ​លាប​នូវ​ផែនដី​ដោយ​អាចម៍គោ​ស្រស់​ ​ក្រាល​ដោយ​ស្បូវ​ទាំងឡាយ​ដ៏​ខៀវ​ ​ហើយ​សម្រេច​នូវ​ទីដេក​ ​ក្នុង​ចន្លោះ​ផ្នូកខ្សាច់​ ​និង​ចន្លោះ​រោង​ភ្លើង​ ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​តែង​ក្រោក​ឡើង​ធ្វើ​អញ្ជលី​ ​សំពះ​ភ្លើង​ ​៣​ ​ដង​ ​ក្នុង​រាត្រី​នោះ​ថា​ ​យើងខ្ញុំ​ជំរះ​បាប​និង​លោក​ដ៏​ចំរើន​ ​យើងខ្ញុំ​ជំរះ​បាប​និង​លោក​ដ៏​ចំរើន​ ​តែង​ញុំាង​ភ្លើង​ឲ្យ​ឆ្អែត​ ​ដោយ​ទឹកដោះ​រាវ​ ​ប្រេង​ ​ទឹកដោះខាប់​ដ៏​ល្មម​គ្រាន់​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ក៏​នាំ​គ្នា​ញុំាង​ពួក​ព្រាហ្មណ៍​ឲ្យ​ឆ្អែត​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ថ្លៃថ្លា​ទៀត​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ជំរះ​បាប​ ​របស់​ពួក​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​ជំរះ​បាប​របស់​ពួក​ព្រាហ្មណ៍​ ​ដោយឡែក​ ​ចំណែក​ឯ​ការ​ជំរះ​បាប​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​ដោយឡែក​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ជំរះ​បាប​ ​ក្នុង​វិន័យ​របស់​អរិយៈ​ ​តើ​ដូចម្តេច​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636864561096553098
ទៅកាន់ទំព័រ៖