ព្រះត្រៃបិដក ភាគ ៥១

​ផល​ដ៏​លាមក​របស់​អភិជ្ឈា​ ​តែង​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​អភិជ្ឈា​ ​បន្សាត់​បង់​អភិជ្ឈា​។​ ​ផល​ដ៏​លាមក​របស់​ព្យាបាទ​ ​តែង​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​ព្យាបាទ​ ​បន្សាត់​បង់​ព្យាបាទ​។​ ​ផល​ដ៏​លាមក​របស់​មិច្ឆាទិដ្ឋិ​ ​តែង​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​មិច្ឆាទិដ្ឋិ​ ​បន្សាត់​បង់​មិច្ឆាទិដ្ឋិ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​បន្សាត់​បង់​បាប​ ​ក្នុង​អរិយវិន័យ​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​បន្សាត់​បង់​បាប​ ​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​ដោយឡែក​ ​ការ​បន្សាត់​បង់​បាប​ ​ក្នុង​អរិយវិន័យ​វិញ​ ​ដោយឡែក​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​បន្សាត់​បង់​បាប​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​មិនដល់​នូវ​ចំណិត​ទី​ ​១៦​ ​ដែល​ចែក​ ​១៦​ ​ដង​ ​នៃ​ការ​បន្សាត់​បង់​បាប​ ​ក្នុង​អរិយវិន័យ​នេះ​ឡើយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636864569539846026
ទៅកាន់ទំព័រ៖