ព្រះត្រៃបិដក ភាគ ៥១
[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវត្រើយខាងអាយផង នូវត្រើយខាងនាយផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់នូវធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ត្រើយខាងអាយ តើដូចម្តេច ត្រើយខាងនាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការសម្លាប់សត្វ ជាត្រើយខាងអាយ កិរិយាវៀរចាកការសម្លាប់សត្វ ជាត្រើយខាងនាយ។ ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ជាត្រើយខាងអាយ កិរិយាវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ជាត្រើយខាងនាយ។ ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាត្រើយខាងអាយ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាត្រើយខាងនាយ។ ការពោលនូវពាក្យកុហក ជាត្រើយខាងអាយ កិរិយាវៀរចាកការពោលពាក្យកុហក ជាត្រើយខាងនាយ។ សំដីញុះញង់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីញុះញង់ ជាត្រើយខាងនាយ។ សំដីអាក្រក់ ជាត្រើយខាងអាយ កិរិយាវៀរចាកសំដីអាក្រក់ ជាត្រើយខាងនាយ។
ID: 636864570757295661
ទៅកាន់ទំព័រ៖