ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងសភាវៈមិនមែនប្រយោជន៍ តើដូចម្តេច។ គឺការសម្លាប់សត្វ ការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ការពោលនូវពាក្យកុហក សំដីញុះញង់ សំដីអាក្រក់ ការពោលនូវពាក្យរោយរាយ ឥតប្រយោជន៍ ការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ការចង់ឲ្យគេវិនាស ការយល់ខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សភាវៈមិនមែនធម៌ និងសភាវៈមិនមែនប្រយោជន៍ទេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ និងប្រយោជន៍ តើដូចម្តេច។ កិរិយាវៀរចាកការសម្លាប់សត្វ កិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ កិរិយាវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ កិរិយាវៀរចាកការពោលនូវពាក្យកុហក កិរិយាវៀរចាកសំដីញុះញង់ កិរិយាវៀរចាកសំដីអាក្រក់ កិរិយាវៀរចាកការពោលពាក្យរោយរាយ ឥតប្រយោជន៍ មិនសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ការមិនចង់ឲ្យគេវិនាស ការយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះទើបហៅថា ធម៌ និងប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ក្តី សភាវៈមិនមែនប្រយោជន៍ក្តី ភិក្ខុគប្បីដឹងធម៌ក្តី ប្រយោជន៍ក្តី ក៏ភិក្ខុគប្បីដឹង (ទាំងអស់)
ID: 636864571600103866
ទៅកាន់ទំព័រ៖