ព្រះត្រៃបិដក ភាគ ៥១
[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ផង នូវអធម៌ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធម៌។ ម្នាលភិក្ខុទាំងឡាយ ធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌។
[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសាសវធម៌ (ធម៌ប្រកបដោយអាសវៈ) ផង អនាសវធម៌ (ធម៌មិនមានអាសវៈ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សាសវធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាសវធម៌។
ID: 636864642432635255
ទៅកាន់ទំព័រ៖