ព្រះត្រៃបិដក ភាគ ៥១
ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យនូវពិធីលាងណា ពិធីលាងដ៏ប្រសើរនោះ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ ឈ្មោះថាបានលាងមិច្ឆាទិដ្ឋិស្អាតហើយ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានលាងស្អាតហើយ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថាបានលាងមិច្ឆាសង្កប្បៈស្អាតហើយ...
ID: 636864547388019014
ទៅកាន់ទំព័រ៖