ព្រះត្រៃបិដក ភាគ ៥១
[៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយ ជាហេតុនៃសេចក្តីរន្ធត់ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មបរិយាយជាហេតុនៃសេចក្តីរន្ធត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ទោះធ្វើនូវកម្មណា ជាបុណ្យក្តី ជាបាបក្តី រមែងជាទាយាទនៃកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្តអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ ក្នុងការសម្លាប់រឿយ ៗ មិនមានសេចក្តីរន្ធត់ អាណិតអាសូរ ចំពោះពួកសត្វទាំងពួង។ បុគ្គលនោះ រមែងរន្ធត់ដោយកាយ រន្ធត់ដោយវាចា រន្ធត់ដោយចិត្ត។ បុគ្គលនោះឈ្មោះថា មានកាយកម្មវៀច (របិញរបុញ) វចីកម្មវៀច
ID: 636864659356483244
ទៅកាន់ទំព័រ៖