ព្រះត្រៃបិដក ភាគ ៥១
លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនៃការមិនប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិមិនស្មើយ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក។ ម្នាលព្រាហ្មណ៍ សត្វទាំងឡាយ ពួកខ្លះក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុនៃការប្រព្រឹត្តិធម៌ និងការប្រព្រឹត្តិស្មើយ៉ាងនេះឯង។ ភាសិតសង្ខេបរបស់ព្រះគោតមដ៏ចំរើននេះ ខ្ញុំព្រះអង្គ មិនដឹងច្បាស់នូវសេចក្តីដោយពិស្តារបានទេ
ID: 636864666682772284
ទៅកាន់ទំព័រ៖