ព្រះត្រៃបិដក ភាគ ៥១
សុត្តន្តបិដក
អង្គុត្តរនិកាយ ឯកាទសកនិបាត
សូមក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
និស្សយវគ្គ ទី១
[១០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សីលទាំងឡាយ ជាកុសលមានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ជាប្រយោជន៍ មានអវិប្បដិសារៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន អវិប្បដិសារៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។
ID: 636864676430829841
ទៅកាន់ទំព័រ៖