ព្រះត្រៃបិដក ភាគ ៥១
សាធុវគ្គ ទី៤
[៣៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីចំរើនផង សេចក្តីមិនចំរើនផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនចំរើន តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១ សេចក្តីត្រិះរិះខុស ១ សំដីខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ សេចក្តីព្យាយាមខុស ១ ការរលឹកខុស ១ ការដំកល់ចិត្តមាំខុស ១ ការដឹងខុស ១ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីមិនចំរើន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ សំដីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីចំរើន។
ID: 636864564075253470
ទៅកាន់ទំព័រ៖