ព្រះត្រៃបិដក ភាគ ៥១
បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ ក្នុងលោកនេះ តែងកក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី លញ់នូវផែនដី ដោយអាចម៍គោស្រស់ ក្រាលដោយស្បូវទាំងឡាយដ៏ខៀវ ហើយដេកក្នុងចន្លោះ នៃគំនរដីខ្សាច់ផង ក្នុងចន្លោះរោងភ្លើងផង។ ព្រាហ្មណ៍ទាំងឡាយនោះ តែងក្រោកឡើង ៣ ដង ក្នុងរាត្រីនោះ ហើយផ្គងអញ្ជលី នមស្ការចំពោះភ្លើងថា យើងទាំងឡាយ បន្សាត់បង់នូវបាបនឹងលោកដ៏ចំរើន យើងទាំងឡាយ បន្សាត់បង់នូវបាបនឹងលោកដ៏ចំរើន ទើបញុំាងភ្លើងឲ្យឆ្អែត ដោយទឹកដោះរាវ និងប្រេង និងទឹកដោះខាប់ដ៏ច្រើន។ លុះកន្លងរាត្រីនោះទៅហើយ ក៏ញុំាងព្រាហ្មណ៍ទាំងឡាយ ឲ្យឆ្អែតដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់។ បពិត្រព្រះគោតមដ៏ចំរើន ការបន្សាត់បង់នូវបាប របស់ព្រាហ្មណ៍ទាំងឡាយ យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ការបន្សាត់បង់នូវបាបរបស់ព្រាហ្មណ៍ទាំងឡាយ រមែងមានដោយឡែក ការបន្សាត់បង់នូវបាប ក្នុងអរិយវិន័យ រមែងមានដោយឡែក។
ID: 636864568963873083
ទៅកាន់ទំព័រ៖