ព្រះត្រៃបិដក ភាគ ៥២

 ​ម្នាល​ភិក្ខុ​ ​ចូរ​អ្នកពិនិត្យ​ផង​ ​ចូរ​កុំ​ជា​អ្នក​ប្រមាទ​ផង​ ​ចិត្ត​របស់​អ្នក​ ​ចូរ​កុំ​វិល​ទៅ​រក​កាមគុណ​ឡើយ​ ​អ្នក​ចូរ​កុំ​ប្រមាទ​ ​ទំពាស៊ី​នូវ​ដុំ​លោហៈ​ ​កុំ​ឲ្យ​ជា​អ្នក​កាល​ភ្លើង​ឆេះ​ហើយ​ ​កន្ទក់កន្ទេញ​ថា​ ​នេះ​ទុក្ខ​ ​ដូច្នេះ​ឡើយ​។​ ​
 ការពិនិត្យ​មិន​មានដល់​បុគ្គល​អ្នក​មិន​មាន​ប្រាជ្ញា​ ​ប្រាជ្ញា​មិន​មានដល់​បុគ្គល​អ្នក​មិន​ពិនិត្យ​ ​ការពិនិត្យ​ ​និង​ប្រាជ្ញា​ ​មាន​ក្នុង​បុគ្គល​ណា​ ​បុគ្គល​នោះ​ឯង​ ​ឈ្មោះថា​ ​ឋិតនៅ​ក្នុង​ទី​ជិត​នៃ​ព្រះនិព្វាន​។​ ​
 សេចក្តី​ត្រេកអរ​ ​ដែល​មិនមែន​ជា​របស់​មនុស្ស​ ​រមែង​មានដល់​ភិក្ខុ​អ្នក​ចូល​ទៅកាន់​ផ្ទះ​ស្ងាត់​ ​អ្នកមាន​ចិត្ត​រម្ងាប់​ ​អ្នក​ឃើញ​ធម៌​ដោយ​ប្រពៃ​។​ ​
 ភិក្ខុ​ពិចារណា​ការ​កើតឡើង​ ​និង​ការ​វិនាស​ខន្ធ​ទាំងឡាយ​ ​ក្នុង​កាលណា​ ​ក្នុង​កាលនោះ​ ​ភិក្ខុ​នោះ​ ​រមែង​បាន​បីតិ​ ​និង​បាមោជ្ជៈ​ ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ ​ឈ្មោះថា​ជា​អមត​ធម៌​ ​របស់​បណ្ឌិត​អ្នកដឹង​ធម៌​ទាំងឡាយ​។​
 គុណ​ ​៣​ ​ប្រការ​នេះ​ ​គឺ​ការ​រក្សា​ឥន្ទ្រិយ​ ​១​ ​សេចក្តី​សន្តោស​ ​១​ ​ការ​សង្រួម​ក្នុង​បាតិមោក្ខ​ ​១​ ​ជា​ខាងដើម​នៃ​ព្រះនិព្វាន​នោះ​ ​តែង​មានដល់​ភិក្ខុ​អ្នកមាន​បញ្ញា​ក្នុង​សាសនា​នេះ​ ​(​ម្នាល​ភិក្ខុ​)​ ​អ្នក​ចូរ​គប់​រក​កល្យាណមិត្ត​ ​អ្នកមាន​ព្យាយាម​ជា​គ្រឿង​រស់​ដោយ​បរិសុទ្ធិ​ ​ជា​អ្នក​មិន​ខ្ជិលច្រអូស​។​ ​
 ​ភិក្ខុ​គប្បី​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​បដិ​សន្ថា​រៈ​ ​គប្បី​ជា​អ្នក​ឈ្លាស​ក្នុង​អាចារៈ​ ​ព្រោះ​ហេតុ​ទាំងពីរ​នោះ​ ​អ្នក​នឹង​មា​នបាមោ​ជ្ជៈ​ច្រើន​ ​នឹង​ធ្វើ​ទីបំផុត​ទុក្ខ​បាន​។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636865044089128693
ទៅកាន់ទំព័រ៖