ព្រះត្រៃបិដក ភាគ ៥២

 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ជំរុះ​រាគៈ​ ​និង​ទោសៈ​ចេញ​ ​ដូច​ម្លិះ​ជំរុះ​ផ្កាម្លិះ​ទាំងឡាយ​ ​ដែល​ស្វិត​ហើយ​ ​ដូច្នោះ​។​
 ភិក្ខុ​អ្នកមាន​កាយ​រម្ងាប់​ហើយ​ ​មាន​វាចា​រម្ងាប់​ហើយ​ ​មា​ចិត្ត​រម្ងាប់​ហើយ​ ​មានចិត្ត​តម្កល់​មាំ​ហើយ​ ​មាន​អាមិសៈ​ក្នុង​លោក​ខ្ជាក់​ចោល​ហើយ​ ​ទើប​តថាគត​ហៅថា​ ​អ្នក​ស្ងប់​រម្ងាប់​។​ ​
 អ្នក​ចូរ​ដាស់តឿន​ខ្លួន​ដោយខ្លួនឯង​ ​ចូរ​ពិនិត្យ​ខ្លួន​ដោយខ្លួនឯង​ ​ម្នាល​ភិក្ខុ​ ​អ្នកនោះ​បើ​មានស្មារតី​ ​រក្សាខ្លួន​ទុក​ហើយ​ ​នឹង​នៅជា​សុខ​។​ ​
 មែនពិត​ ​ខ្លួន​ជាទី​ពឹង​របស់​ខ្លួន​ ​ខ្លួនឯង​ជាគ​តិ​របស់​ខ្លួន​ ​ព្រោះហេតុនោះ​ ​អ្នក​ចូរ​រវាំង​ខ្លួន​ ​ដូច​ពាណិជ​រវាំង​សេះ​ដ៏​ល្អ​។​ ​
 ភិក្ខុ​អ្នក​ក្រាស់​ដោយ​សេចក្តី​រីករាយ​ ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​ ​រមែង​បាន​នូវ​បទ​ដ៏​ស្ងប់​ ​ជាទី​រម្ងាប់​នូវ​សង្ខារ​ ​នាំមក​នូវ​សេចក្តី​សុខ​។​ ​
 ភិក្ខុ​ណា​នៅ​ក​ម្លោះ​ ​ប្រឹងប្រែង​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ភិក្ខុ​នោះ​ ​រមែង​ញ៉ាំង​លោក​នេះ​ឲ្យ​ភ្លឺស្វាង​បាន​ ​ដូច​ព្រះចន្ទ​ដែល​រះផុត​អំពី​ពពក​។​ ​

​ចប់​ ​ភិក្ខុ​វគ្គ​ ​ទី២៥​។​

ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636865044625799389
ទៅកាន់ទំព័រ៖