ព្រះត្រៃបិដក ភាគ ៥២
តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈ កើតមាន ព្រោះជាតិជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងកើតព្រម ការកើតឡើងនៃកងទុក្ខទាំងអស់នោះ រមែងមានយ៉ាងនេះឯង។
លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយ ទាំងពួងរបស់ព្រាហ្មណ៍នោះ រមែងអស់ទៅក្នុងកាលនោះ ព្រោះដឹងច្បាស់នូវធម៌ ព្រមទាំងហេតុ។ សូត្រ ទី១។
[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍។ លុះអំណឹះសប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយទ្រង់រំពឹងក្នុងព្រះហ្ឫទ័យ ចំពោះបដិច្ចសមុប្បាទធម៌ ជាបដិលោម គឺពិចារណាច្រាសឡើងអស់មជ្ឈិមយាមនៃរាត្រី ដោយប្រពៃថា
ID: 636865057300054315
ទៅកាន់ទំព័រ៖