ព្រះត្រៃបិដក ភាគ ៥២
កាលបើបច្ច័យនេះមិនមាន ផលនេះ ក៏មិនមាន ផលនេះ រមែងរលត់ទៅ ព្រោះរលត់ទៅនៃបច្ច័យនេះ គឺការរលត់ទៅនៃសង្ខារ ព្រោះរលត់អវិជ្ជា ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណ ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ទៅនៃផស្សៈ ព្រោះរលត់សឡាយតនៈ ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈ ការរលត់ទៅនៃតណ្ហា ព្រោះរលត់វេទនា ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហា ការរលត់ទៅនៃភព ព្រោះរលត់ឧបាទាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរា មរណៈរលត់ទៅព្រម ព្រោះរលត់ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងរលត់ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់កិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយ ទាំងពួងរបស់ព្រាហ្មណ៍នោះ រមែងអស់ទៅក្នុងកាលនោះ ព្រោះបានដឹងច្បាស់ នូវព្រះនិព្វាន ជាទីអស់ទៅនៃបច្ច័យទាំងឡាយ។ សូត្រ ទី២។
ID: 636865057597941353
ទៅកាន់ទំព័រ៖