ព្រះត្រៃបិដក ភាគ ៥២
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ដែលមានមកហើយដូចគ្នា ដែលមនុស្ស និងទេវតាតែងបូជា សូមមានសិរីសួស្តី។
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី។
ចប់ រតនសូត្រ។
ខុទ្ទកបាឋ តិរោកុឌ្ឌកណ្ឌ
[៨] បើបុគ្គលឃើញសុខធំទូលាយ ព្រោះលះសុខមានប្រមាណតិចចេញ អ្នកមានប្រាជ្ញា កាលឃើញច្បាស់សុខធំទូលាយ គប្បីលះសុខមានប្រមាណតិចចេញ។
ប្រេតទាំងឡាយ មកកាន់ផ្ទះនៃញាតិ ដោយគិតថា ផ្ទះរបស់ខ្លួន ហើយឈរនៅជិតខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ។
ID: 636864789927651488
ទៅកាន់ទំព័រ៖