ព្រះត្រៃបិដក ភាគ ៥២
កាលបើព្រះមានព្រះភាគ សំដែងយ៉ាងនេះហើយ ភិក្ខុមួយរូប មានជាតិជាព្រាហ្មណ៍ បានទូលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ដោយហេតុដូចម្តេច មួយទៀត ធម៌ដូចម្តេចខ្លះ ដែលធ្វើបុគ្គលឲ្យជាព្រាហ្មណ៍។
លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវបញ្ហានុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា
បុគ្គលណា បានបណ្តែតចោលនូវធម៌ដ៏លាមក មានស្មារតីប្រព្រឹត្តទៅគ្រប់កាល ជាអ្នកអស់សញ្ញោជនៈ (ត្រាស់ដឹងនូវសច្ចធម៌) បុគ្គលនោះឯង ឈ្មោះថា ព្រាហ្មណ៍ក្នុងលោក។ សូត្រ ទី៥។
[៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន កលន្ទកនិវាបដ្ឋាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅក្នុងបិប្ផលិគុហា ជាអ្នកមានអាពាធ ប្រកបដោយទុក្ខឈឺធ្ងន់។ លុះក្នុងសម័យខាងក្រោយមក ព្រះមហាកស្សបដ៏មានអាយុ សះស្បើយចាកអាពាធនោះ។ លុះព្រះមហាកស្សបសះស្បើយចាកអាពាធនោះហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចូលទៅបិណ្ឌបាត ឯក្រុងរាជគ្រឹះចុះ។
ID: 636865059147059957
ទៅកាន់ទំព័រ៖