ព្រះត្រៃបិដក ភាគ ៥២
ព្រះសង្គាមជិដ៏មានអាយុ នៅស្ងៀមអស់វារៈពីរដង។ បុរាណទុតិយិការបស់សង្គាមជិដ៏មានអាយុ ក៏ទទូចនិយាយនឹងព្រះសង្គាមជិដ៏មានអាយុ ជាគំរប់បីដងថា បពិត្រសមណៈ សូមលោកចិញ្ចឹមខ្ញុំទាំងកូនតូចផង។ ព្រះសង្គាមជិដ៏មានអាយុ ក៏នៅស្ងៀមអស់វារៈបីដង។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ បានយកទារកតូចនោះទៅដាក់អំពីមុខព្រះសង្គាមជិដ៏មានអាយុ រួចនិយាយថា បពិត្រសមណៈ នេះជាកូនប្រុសរបស់លោកលោកចិញ្ចឹមវាផងចុះ រួចហើយក៏ដើរចេញទៅ។ ឯព្រះសង្គាមជិដ៏មានអាយុ មិនរមិលមើល មិនហៅរកនូវកូនតូចនោះសោះ។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ កាលដើរចេញទៅមិនឆ្ងាយប៉ុន្មាន ក៏ងាកមើលមកឃើញព្រះសង្គាមជិដ៏មានអាយុ ដែលមិនរមិលមើល មិនហៅរកកូនតូចនោះសោះ ស្ត្រីនោះលុះឃើញហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈនេះ មិនត្រូវការដោយកូនប្រុសទេតើ។ បុរាណទុតិយិកានោះ ក៏ត្រឡប់អំពីទីនោះ មកយកកូនតូចនោះវិញ ដើរចេញទៅ។ ព្រះមានព្រះភាគ បានទតឃើញនូវអាការដ៏ប្លែក បែបយ៉ាងនេះ នៃបុរាណទុតិយិកា របស់ព្រះសង្គាមជិដ៏មានអាយុ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា។
ID: 636865060375080196
ទៅកាន់ទំព័រ៖