ព្រះត្រៃបិដក ភាគ ៥២
លំដាប់នោះ ទេវតាដែលជាសាលោហិតអំពីដើម របស់ពាហិយទារុចីរិយបុរស ជាអ្នកអនុគ្រោះប្រាថ្នាប្រយោជន៍ បានដឹងច្បាស់នូវសេចក្តីត្រិះរិះក្នុងចិត្ត ដោយចិត្តរបស់ពាហិយទារុចីរិយបុរស បានចូលទៅរកពាហិយទារុចីរិយបុរស លុះចូលទៅដល់ហើយ ក៏និយាយនឹងពាហិយទារុចីរិយបុរសយ៉ាងនេះថា នែពាហិយៈ អ្នកមិនមែនជាព្រះអរហន្តទេ ទាំងមិនទាន់សម្រេចអរហត្តទេ ខ្លួនអ្នកមិនមានបដិបទា ដែលនាំឲ្យបានជាព្រះអរហន្ត ឬសម្រេចអរហត្តមគ្គទេ។ ពាហិយទារុចីរិយៈ សួរថា បើដូច្នោះ ក្នុងកាលឥឡូវនេះ ក្នុងលោក ព្រមទាំងទេវលោក តើជនណា ជាអរហន្ត ឬបានសម្រេចអរហត្តមគ្គ មានដែរឬ។ ទេវតាឆ្លើយថា ម្នាលពាហិយៈ មាន ខាងជនបទឯជើង មានក្រុងមួយឈ្មោះសាវត្ថី ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់គង់នៅក្នុងក្រុងសាវត្ថីនោះ។ ម្នាលពាហិយៈ ព្រះមានព្រះភាគអង្គនោះឯង ជាព្រះអរហន្តផង ទ្រង់សំដែងធម៌ ដើម្បីអរហត្តផង។ លំដាប់នោះ ពាហិយទារុចីរិយបុរស ដែលទេវតានោះធ្វើឲ្យតក់ស្លុត ក៏ស្រាប់តែគេចចេញអំពីឆ្នេរសមុទ្រឈ្មោះ សុប្បារកៈក្នុងខណៈនោះភ្លាម ដោយការនៅតែក្នុងផ្លូវទាំងពួងអស់ ១ យប់ ក៏បានទៅដល់ព្រះមានព្រះភាគ ដែលកំពុងគង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។
ID: 636865062195484317
ទៅកាន់ទំព័រ៖