ព្រះត្រៃបិដក ភាគ ៥២
[៤៨] សម័យនោះ គាប់ចួនភិក្ខុច្រើនរូប កំពុងដើរចង្ក្រមក្នុងទីវាល។ លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏ឆៀងចូលទៅរកពួកភិក្ខុ លុះចូលទៅដល់ហើយ ក៏បានសួរភិក្ខុទាំងនោះដូច្នេះថា បពិត្រលោកដ៏ចំរើនទាំងឡាយ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ គង់នៅទីណា យើងមានបំណងនឹងចូលទៅ ដើម្បីចួបព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ ពួកភិក្ខុតបថា ម្នាលពាហិយៈ ព្រះមានព្រះភាគ ចូលកាន់ចន្លោះភូមិ ដើម្បីបិណ្ឌបាតទៅហើយ។ លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏មានដំណើរម្នីម្នា ចេញពីវត្តជេតពន ចូលទៅនគរសាវត្ថី បានឃើញព្រះមានព្រះភាគ កំពុងនិមន្តបិណ្ឌបាត ក្នុងក្រុងសាវត្ថី ជាទីនាំមកនូវសេចក្តីជ្រះថ្លា គួរជ្រះថ្លា មានឥន្ទ្រិយស្ងប់ មានព្រះទ័យស្ងប់ ទ្រង់បានដល់នូវការហាត់ពត់ និងការស្ងប់រម្ងាប់ដ៏ឧត្តម ទ្រង់បានទូន្មាន គ្រប់គ្រង សង្រួមឥន្ទ្រិយ ជាពុទ្ធនាគ គឺជាព្រះពុទ្ធដ៏ប្រសើរ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ មានសិរ្សឱនចុះទៀបព្រះបាទ នៃព្រះមានព្រះភាគ ហើយអារាធនាព្រះមានព្រះភាគនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ប្រោសខ្ញុំព្រះអង្គ សូមព្រះសុគត សំដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់រាត្រីដ៏វែង ដល់ខ្ញុំព្រះអង្គឲ្យទាន។
ID: 636865062427597593
ទៅកាន់ទំព័រ៖