ព្រះត្រៃបិដក ភាគ ៥២
កាលបើបាយ ទឹក បង្អែម និងចំអាប មានគ្រប់គ្រាន់ ដែលពួកញាតិតាក់តែងទុកហើយ មិនមានញាតិណាមួយ នឹកដល់ប្រេតទាំងឡាយនោះ ព្រោះកម្មរបស់សត្វទាំងឡាយ ជាបច្ច័យ។ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះ រមែងឧទ្ទិសឲ្យនូវទឹក និងភោជនដ៏ម៉ត់ចត់ ដ៏ប្រសើរ ជារបស់គួរតាមកាល ដល់ញាតិទាំងឡាយ យ៉ាងនេះថា ទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ បានដល់នូវសេចក្តីសុខ។ ចំណែកប្រេតជាញាតិ ជាអ្នកមកប្រជុំគ្នាទាំងនោះ មកជួបជុំគ្នាហើយ ក្នុងមន្ទីរឲ្យទាននោះ កាលបើបាយ និងទឹក មានល្មមគ្រាន់ ក៏អនុមោទនា ដោយគោរពថា យើងទាំងឡាយ បានសម្បត្តិនេះ ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិ របស់យើងទាំងឡាយនោះ រស់នៅយឺនយូរ ការបូជាដែលញាតិទាំងឡាយធ្វើហើយ ដល់យើងទាំងឡាយក្តី ញាតិទាំងឡាយ ជាអ្នកឲ្យទានក្តី មិនមែនជាឥតផលឡើយ កសិកម្ម ក៏មិនមានក្នុងភូមិ នៃប្រេតនោះ គោរក្ខកម្ម ក៏មិនមានក្នុងភូមិនៃប្រេតនោះ ពាណិជ្ជកម្ម ដែលជាហេតុបានសម្បត្តិបែបដូច្នោះ ក៏មិនមាន ការលក់ទិញផ្លាស់ប្តូរដោយប្រាក់ ក៏មិនមាន
ID: 636864790158824710
ទៅកាន់ទំព័រ៖