ព្រះត្រៃបិដក ភាគ ៥២
មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ទាំងភិក្ខុសង្ឃ ក៏គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារជាប្រក្រតីដែរ។ ចំណែកខាងពួកបរិព្វាជក អន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះឯង ពួកបរិព្វាជក អន្យតិរ្ថិយទាំងនោះ កាលអត់ទ្រាំនឹងសក្ការៈ ចំពោះព្រះមានព្រះភាគ និងភិក្ខុសង្ឃមិនបាន លុះបានឃើញពួកភិក្ខុសង្ឃក្នុងស្រុកក្តី ក្នុងព្រៃក្តី ក៏ជេរប្រទេច ខឹងចាក់រុក ដោយវាចាទ្រគោះ ជារបស់អសប្បុរស។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
អ្នកទាំងឡាយ ដែលសុខ និងទុក្ខ ប៉ះពាល់ហើយ ទោះនៅក្នុងស្រុក ឬព្រៃ មិនត្រូវក្តៅក្រហាយអំពីខ្លួន ឬអំពីអ្នកដទៃឡើយ
ID: 636865066295138804
ទៅកាន់ទំព័រ៖