ព្រះត្រៃបិដក ភាគ ៥២

​បុគ្គល​ទាំងឡាយ​ ​ធ្វើ​កាលកិរិយា​ ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​ប្រេតវិស័យ​នោះ​ ​ដោយ​ផល​ទាន​ដែល​ញាតិ​ទាំងឡាយ​ឧទ្ទិស​ឲ្យហើយ​អំពី​លោក​នេះ​។​ ​ទឹកធ្លាក់​ចុះ​លើ​ទីទួល​ ​រមែង​ហូរ​ទៅកាន់​ទី​ទាប​ ​ដូចម្តេច​មិញ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​អំពី​លោក​នេះ​ ​រមែង​សម្រេចផល​ ​ដល់​ប្រេត​ទាំងឡាយ​ ​ដូច្នេះ​ដែរ​។​ ​ផ្លូវទឹក​ ​មាន​ទន្លេ​ ​និង​ស្ទឹង​ជាដើម​ដ៏​ពេញ​ ​រមែង​ញ៉ាំង​សាគរ​ឲ្យ​ពេញ​ប្រៀប​ ​ដូចម្តេច​មិញ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​អំពី​លោក​នេះ​ ​រមែង​សម្រេចផល​ ​ដល់​ប្រេត​ទាំងឡាយ​ ​ដូច្នោះ​ដែរ​។​ ​បុគ្គល​កាល​រឭក​ឃើញ​នូវ​ឧបការគុណ​ ​ដែល​លោក​ធ្វើ​ទុក​ដល់​ខ្លួន​ ​ក្នុង​កាលមុន​ថា​ ​អ្នកនេះ​បាន​ឲ្យ​របស់​នេះ​ដល់​អញ​ ​អ្នកនេះ​បាន​ធ្វើគុណ​នេះ​ដល់​អញ​ ​ជន​ទាំងឡាយ​នោះ​ ​ជា​ញាតិ​មិត្រ​ ​ជា​សំឡាញ់​របស់​អញ​ដូច្នេះហើយ​ ​គួរឲ្យ​ទក្ខិណាទាន​ ​ចំពោះ​ប្រេត​ទាំងឡាយ​។​ ​ការ​យំសោក​សៅ​ ​និង​ការ​ខ្សឹកខ្សួល​ដទៃ​ណា​ ​មិន​មានប្រយោជន៍​ឡើយ​ ​ការ​យំ​ជាដើម​នោះ​ ​មិន​សម្រេចប្រយោជន៍​ ​ដល់​ប្រេត​ទាំងឡាយ​ទេ​ ​ញាតិ​ទាំងឡាយ​ ​រមែង​ឋិតនៅ​យ៉ាងនោះ​ដដែល​ ​ឥត​បានដឹង​ ​បានឮ​ឡើយ​។​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636864790349665626
ទៅកាន់ទំព័រ៖